ភ្នំពេញត្រូវការស្ពានឆ្លងទន្លេចំនួន៣កន្លែងបន្ថែមទៀតខណៈស្ពាន២នឹងលេចរូបរាងក្នុងពេលឆាប់ៗនេះ
សម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា រាជធានីភ្នំពេញមានតម្រូវការសាងសង់ស្ពានឆ្លងទន្លេចំនួន៣កន្លែងបន្ថែមទៀតដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឆ្លងទន្លេ និងស្ពានអាកាសឫស្សីកែវ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ សម្តេចហ៊ុន សែន បានមានប្រសាសន៍ថា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញគឺត្រូវសាងសង់ស្ពានឆ្លងទន្លេចំនួន៣កន្លែងបន្ថែមទៀតដើម្បីសម្រួលការធ្វើចរាចរណ៍ ខណៈដែលស្ពានចំនួន២កន្លែង នឹងលេចជារូបរាងឡើងនៅពេលឆាប់ៗខាងមុខនេះ។សម្តេចបានបន្តថា ស្ពានចំនួន២កន្លែងនឹងលេចជារូបរាងឡើងនៅពេលឆាប់ៗខាងមុខនេះ គឺស្ពានមិត្តកម្ពុជាកូរ៉េដែលត្រូវតភ្ជាប់រវាងទន្លេសាបដោយភ្ជាប់មកតំបន់ជ្រោយចង្វារ និងត្រូវភ្ជាប់មកតំបន់អរិយក្សត្រ ហើយស្ពានមួយកន្លែងទៀតនោះ គឺស្ពានសម្រាប់ផ្លូវល្បឿនលឿនផ្នែកខាងក្រោមដែលត្រូវតភ្ជាប់ពីរាជធានីភ្នំពេញទៅបាវិត។ចំពោះស្ពានឆ្លងពីចាក់អង្រែទៅព្រែកប្រា កំពុងចរចាជាមួយដៃគូហើយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏គ្រោងនឹងយកស្ពានបាឡេចាស់ឫស្សីកែវ មកសាងសង់ដាក់ឱ្យដំណើរជាការបណ្តោះអាសន្នសិន ដើម្បីសម្រួលការធ្វើចរាចរណ៍ចេញ-ចូលរាជធានីភ្នំពេញ។សូមបញ្ជាក់ជូនបន្តិចដែរថាយើងឥឡូវនេះសម្រាប់តំបន់ទីក្រុងភ្នំពេញរបស់យើងនេះយើងត្រូវការស្ពាន៣បន្ថែមទៀតហើយស្ពាន២អាចចេញជារូបរាង ក្នុងរយៈពេលឆាប់មួយគឺស្ពានមិត្តភាពកម្ពុជាកូរ៉េ មួយទៀតគឺស្ពានសម្រាប់ផ្លូវល្បឿនលឿននៅផ្នែកខាងក្រោមដែលយើងត្រូវចំណាយថវិកា។ខ្ញុំមិនចង់ឱ្យប្រជាពលរដ្ឋឆ្លងស្ពានពេលណាបង់លុយពេលនោះទេ ដូច្នេះបានជាយើងទិញយកស្ពានព្រែកព្នៅ ត្រឡប់មកវិញដើម្បីឱ្យរដ្ឋគ្រប់ ប្រជាជនចង់ឆ្លងប៉ុន្មានដងឆ្លងទៅ។ ផ្លូវល្បឿនលឿនយើងទុកឱ្យអ្នកវិនិយោគ ធ្វើត្រឹមតែផ្លូវល្បឿន លឿនបានហើយ ឯស្ពានឆ្លងទន្លេគឺយើងជាអ្នកចេញលុយធ្វើតែម្តង ដើម្បីបញ្ចៀសការឆ្លងដែលឆ្លងពេលណាគេយកលុយពេលនោះគឺថាយើងពិបាកក្នុងការឆ្លើយតប ព្រោះពេលខ្លះ ប្រជាពលរដ្ឋគាត់ឆ្លងមួយថ្ងៃ៥ដង ហើយបង់លុយទាំង៥ដងងាប់ហើយអ៊ីចឹងទេបានជាយើងសុខចិត្តចំណាយថវិកាក្នុងការសាងសង់៕AKP
Post a Comment