ព្រៃវែង៖ឯកឧត្តម ស សុខារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានលើកឡើងថា“ខ្ញុំមានសុទិដ្ឋិនិយមចំពោះសមិទ្ធផលនានាដែលកម្ពុជា សម្រេចបានកន្លងមក”។
រូបភាព ៖ សែត លីណា
ការថ្លែងបែបនេះរបស់ឯកឧត្តមស សុខា ក្នុងឱកាសឯកឧត្តមជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែងអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត និងអ្នកប្រកបរបរក្រៅប្រព័ន្ធ ចំនួន ៣ ០៤១នាក់ ក្នុងស្រុកកំចាយមារ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ថ្លែងក្នុងឱកាសនោះឯកឧត្តម ស សុខា ក្នុងនាមសម្តេចក្រឡាហោម ស ខេងបានគូសបញ្ជាក់ថា៖ខ្ញុំពិតជាមានសុទិដ្ឋិនិយមចំពោះសមិទ្ធផលនានាដែលកម្ពុជាសម្រេចបានកន្លងមក ហើយខ្ញុំសង្ឃឹម និងជឿជាក់ថា ការគាំទ្រ ការចូលរួមរបស់ប្រជាពលរដ្ឋនិងការប្តេជ្ញាចិត្តខិតខំបំពេញកិច្ចការងាររបស់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស ប្រទេសជាតិយើង នឹងបន្តអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ស្របតាមគោលដៅរំពឹងទុកក្នុងរយៈពេល ៥ឆ្នាំខាងមុខ របស់រាជរដ្ឋាភិបាលមកពីគណបក្សប្រជាជនកម្ពុជា។ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានារបស់រាជរដ្ឋាភិបាល ដូចជា៖ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្ត្រ អគ្គិសនី ទឹកស្អាត សាលារៀន មន្ទីរពេទ្យ និងសំណង់សាធារណៈបាននិងកំពុងអនុវត្តតាមគម្រោងផែនការដែលបានកំណត់ មិនមានការរាំងស្ទះ ដែលធ្វើឱ្យប្រទេសជាតិ បន្តអភិវឌ្ឍន៍រីកចម្រើនរឹងមាំលើគ្រប់វិស័យ។ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនេះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ដែរថា បន្ទាប់ពីសម្រេចបានជោគជ័យលើគម្រោងអភិវឌ្ឍន៍ផ្លូវគមនាគមន៍សំខាន់ៗតភ្ជាប់ពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្តនានា ក្នុងនោះមានទាំងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅពេលបន្តបន្ទាប់ខាងមុខនេះកម្ពុជាក៏មានគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ក្នុងខេត្តស្វាយរៀងជាប់ព្រំប្រទល់កម្ពុជា-វៀតណាម ដែលនឹងត្រូវឆ្លងកាត់ស្រុកកំពង់ត្របែក រួមទាំងគម្រោងដ៏មហិមាមួយទៀត គឺគម្រោងជីកព្រែកតភ្ជាប់ពីទន្លេបាសាក់ទៅកាន់សមុទ្រដើម្បីបើកច្រកដឹកជញ្ជូនតាមផ្លូវទឹកជាប្រវត្តិសាស្រ្ត ក្រោមគម្រោងដែលមានឈ្មោះថា “គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់” ដើម្បីពង្រីកនូវវិសាលភាពប្រើប្រាស់សក្ដានុពលលើការដឹកជញ្ជូនតាមផ្លូវទឹក សំដៅចូលរួមលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែមានការរីកចម្រើនឈានទៅមួយកម្រិតថែមទៀត។ ឯកឧត្តម បានបន្តថា គម្រោងដ៏ធំអស្ចារ្យជាប្រវត្តិសាស្ត្រនេះ ប្រើពេល៤ឆ្នាំ ក្នុងទំហំទឹកប្រាក់១ពាន់លានដុល្លារ។ហើយគម្រោងនេះនឹងអាចលេចចេញជារូបរាងឡើងបានលុះត្រាតែស្រុកទេសបន្តមានសុខសន្តិភាពដូចជាពេលបច្ចុប្បន្ននេះដែលយើងមិនអាចមើលរំលងបានឡើយនូវស្មារតីចូលរួមរបស់កងកម្លាំងប្រដាប់អាវុធមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ពិសេសការគាំទ្រពីប្រជាពលរដ្ឋក្នុងការថែរក្សាសុខសន្តិភាពនេះ។ក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានគូសបញ្ជាក់បន្ថែមនូវជោគជ័យធំៗជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដល់អង្គពិធីទាំងមូលរួមមាន ៖
ទី១. ក្នុងក្របខណ្ឌតំបន់ កម្ពុជាសម្រេចបានជោគជ័យយ៉ាងត្រចេះត្រចង់ជាប្រវត្តិសាស្ត្រ ក្នុងតួនាទីជាប្រធានប្តូរវេនរបស់អាស៊ាន កាលពីឆ្នាំ២០២២ កន្លងមកនេះ។
ទី២.កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ដ៏ធំក្នុងតំបន់ ដែលកម្ពុជារង់ចាំឱកាសនេះអស់រយៈពេលជាង ៦០ឆ្នាំ មកហើយ។ ជាលទ្ធផលក្នុងការរៀបចំនេះ កម្ពុជាទទួលបានជោគជ័យយ៉ាងធំធេង និងទទួលបានមេដាយសរុប ចំនួន ២៨២គ្រឿង (មេដាយមាស ៨១ មេដាយប្រាក់ ៧៤ មេដាយសំរឹទ្ធ ១២៧) និងទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងតំបន់អាស៊ីអាគ្នេយ៍ (១១ប្រទេស)។
ទី៣.កម្ពុជាបានដើរតួនាទីយ៉ាងសកម្មក្នុងការជួយរកដំណោះស្រាយចំពោះវិបត្តិដ៏ស្មុគស្មាញនៅប្រទេសមីយ៉ាន់ម៉ា និងបានចូលរួមបំពេញតួនាទីយ៉ាងសកម្មជាច្រើនទៀតក្នុងតំបន់។
ទី៤. ក្នុងក្របខណ្ឌអន្តរជាតិ ក្នុងនាមជាសមាជិកពេញសិទ្ធិនៃអង្គការសហប្រជាជាតិ កម្ពុជាបាននិងកំពុងដើរតួនាទីយ៉ាងសកម្មលើកិច្ចការជាច្រើនដូចជា ៖ កម្ពុជាបានធ្វើជាសហស្ថាបនិកក្នុងការបោះឆ្នោតគាំទ្រសេចក្តីសំរេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិប្រឆាំងសង្គ្រាមនៅប្រទេសអ៊ុយក្រែន។
ទី៥. កម្ពុជាបានបញ្ជូនកងកម្លាំងជាង៨៣០០នាក់ តាំងពីឆ្នាំ២០០៦ មក ដើម្បីចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសចំនួន៩រួមមាន ៖ សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្រិ្វកកណ្តាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺ និងយេមែន។ឯកឧត្តមរដ្ឋលេខាធិការ បានកត់សម្គាល់ថា សមិទ្ធផលខាងលើនេះ ពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញពីសមត្ថភាពដ៏ពិតប្រាកដរបស់រាជរដ្ឋាភិបាលមកពីគណបក្សប្រជាជនកម្ពុជានៅក្នុងការគ្រប់គ្រង ដឹកនាំប្រទេស ដោយមានគោលនយោបាយយុទ្ធសាស្ត្រទស្សនៈវិស័យត្រឹមត្រូវច្បាស់លាស់ និងមានការដឹកនាំអនុវត្តយ៉ាងហ្មត់ចត់ទើបប្រទេសយើង មានថវិកាគ្រប់គ្រាន់សម្រាប់ដោះស្រាយបញ្ហាប្រឈមនានាបានទាន់ពេល និងមានប្រសិទ្ធភាព៕សេង បូលីន
Post a Comment