នាយករដ្ឋមន្ត្រីហ៊ុន សែនប្រកាសពីបញ្ហាស្ត្រីមានផ្ទៃពោះ
សម្ដេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសចាប់ផ្ដើមពង្រីកវិសាលភាពលើការអនុវត្តកិច្ចគាំពារសម្រាប់ស្រ្តីមានផ្ទៃពោះរហូតដល់កូនមានអាយុ២ឆ្នាំចំពោះកម្មការិនីនៅតាមរោងចក្រ សហគ្រាសទាំងអស់ទូទាំងប្រទេសចាប់ពីខែសីហា ឆ្នាំ២០២៣តទៅ។
ការប្រកាសរបស់សម្ដេចនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត នៅរោងចក្រ ម៉ាវ៉ល ហ្កាមិន (Marvel Garment)ក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រូប ភ្នំពេញចំនួន១៩០០០នាក់។សម្ដេចហ៊ុនសែនបានគូសបញ្ជាក់ថានេះគឺជាគោលនយោបាយចាស់ពង្រីកសកម្មភាពថ្មី ដែលនឹងចាប់ផ្ដើមអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំសម្រាប់កម្មការិនីនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធបន្ថែមទៀត ក្នុងនោះក៏មានការបង្កើនទឹកប្រាក់មួយទ្វេជាពីរដោយរដ្ឋាភិបាលត្រូវបង្កើនឡើងថវិកាប្រមាណ១៣លានដុល្លារបន្ថែមទៀតក្នុង១ឆ្នាំទៅលើថវិកាចាស់ដែលត្រូវចំណាយ។សម្តេចនាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា៖ «ចាប់ពីខែសីហា ឆ្នាំ២០២៣ខាងមុខ កម្មការិនីដែលមានស្ត្រីពោះផ្ទៃនឹងទទួលការឧបត្ថម្ភទ្វេដងចាប់តាំងពីការពិនិត្យផ្ទៃពោះនៅពេលសម្រាលរហូតដល់កូនមានអាយុ ២ឆ្នាំ»។សម្ដេចបានថ្លែងថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ដើម្បីធានាឱ្យមាតា និងកូនមានសុខភាពល្អ ហើយគោលការណ៍ថ្មី ក៏នឹងធ្វើឱ្យរដ្ឋត្រូវចំណាយប្រមាណ ១៣លានដុល្លារបន្ថែមទៀតក្នុងមួយឆ្នាំ។សម្តេចបានបញ្ជាក់ទៀតថា ការដើរជួបកម្មករនាពេលនេះគឺដើម្បីមើលសុខទុក្ខរបស់កម្មករ តើបញ្ហាអ្វីបានដោះស្រាយ ហើយបញ្ហាអ្វីដែលកំពុងកើតមានចំពោះកម្មករ។ សម្តេចតេជោបានបន្ថែមថា ការធ្វើនេះគឺដើម្បីផលប្រយោជន៍កម្មករ និងផលប្រយោជន៍ប្រទេសជាតិមិនមែនការដើរជួបជាមួយកម្មករ កម្មការិនីនេះ គ្រាន់តែធ្វើដើម្បីជិះសេះមើលផ្កានោះទេ។ ជាមួយគ្នានេះ សម្ដេចហ៊ុន សែន បានក៏អំពាវនាវដល់ប្រជាពលរដ្ឋក៏ដូចជាកម្មករ-កម្មការិនីសូមទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ ទាំងអស់គ្នានៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីប្រើប្រាស់សិទ្ធិរបស់ខ្លួនជ្រើសរើសគណបក្សនយោបាយណាដែលខ្លួនពេញចិត្ត៕AKP
Post a Comment