សម្ដេចហ៊ុន សែននាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជាបានគូសបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាលគ្មានអ្វីជាប់ពាក់ព័ន្ធនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ឬក្រុមប្រឹក្សាធម្មនុញ្ញនោះឡើយ។
|
|
ការគូសបញ្ជាក់របស់សម្ដេចនាយករដ្ឋមន្រ្ដីបែបនេះក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានបេតុងខ្សែកាបឆ្លងទន្លេសាបនិងស្ពានអាកាសឫស្សីកែវ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។សម្ដេចហ៊ុន សែន បានលើកឡើងជាសាធារណៈយ៉ាងដូច្នេះថា៖«ខ្ញុំសូមបញ្ជាក់ជូនកម្ពុជាមានច្បាប់ទម្លាប់ គណបក្សប្រជាជន គឺជាគូប្រកួតមួយ គ្មានចំណងទាក់ទងអ្វីជាមួយនឹងការសម្រេចរបស់គ.ជ.ប ឬក្រុមប្រឹក្សាធម្មនុញ្ញនោះឡើយ»។ សម្ដេចបានថ្លែងថារាជរដ្ឋាភិបាល ក៏មិនអាចទៅត្រួតត្រាទៅលើស្ថាប័នធម្មនុញ្ញដែលមានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាមួយនឹងក្រុមប្រឹក្សាធម្មនុញ្ញនោះទេ។សម្ដេចក៏បានផ្ដាំផ្ញើដល់អ្នកដែលមានបំណងចង់ប្រមូលផ្ដុំប្រឆាំងការបោះឆ្នោត សូមកុំរញ៉េរញ៉ៃ ជាមួយនឹងបាតុកម្ម ឬអ្វីផ្សេងៗ ព្រោះថាសម្ដេចបានផ្ដល់សាររួចហើយដែលសារទី១នេះនៅតែមានតម្លៃ ដោយមិនចាំបាច់ចេញសារទី២នោះឡើយ។សម្ដេចនាយករដ្ឋមន្ដ្រីបានប្រកាសចាប់យកទាំងអស់ អ្នកណាក៏ដោយ ដែល បំផ្លាញនូវស្ថិរភាព ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។សម្តេចបានថ្លែងបញ្ជាក់ថា៖ «អ្នកមានបំណងប្រមូលផ្តុំប្រឆាំងការបោះឆ្នោត នឹងត្រូវស្វាគមន៍ដោយគុក»។សូមជម្រាបជូនថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន១៨ ដែលត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការលើការចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។ ដោយឡែក គណបក្សភ្លើងទៀននិងគណបក្សមហាសាមគ្គីជាតិខ្មែរ ត្រូវបាន គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធក្នុងការចុះបញ្ជី៕AKP
Post a Comment