ភ្លើង​ទៀន​ចេញមុខ​បកស្រាយកា​រចោ​ទប្រកាន់ថា​លាក់ច្បាប់ដើម

 គណបក្សភ្លើងទៀននៅថ្ងៃទី៣០ខែឧសភានេះបានចេញមកបញ្ជាក់ដោយទាត់ចោលការចោទប្រកាន់ថាគណបក្សប្រឆាំងមួយនេះបានលាក់ច្បាប់ដើមដែលបានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយរបស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៣​ខែមីនាឆ្នាំ១៩៩៨ក្នុងចេតនាមិនចង់ចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ដែលជាឧបាយកលធ្វើឲ្យបរទេសដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជានិងបង្កចលាចលក្នុងសង្គម។

លោកសុនឆ័យអនុប្រធានគណបក្សភ្លើងទៀនថ្លែងទៅអ្នកគាំទ្រ។រូបសហការី

ការបញ្ជាក់របស់គណបក្សភ្លើងទៀន បានធ្វើឡើងក្រោយពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្តាហ៍មុនបានដាក់ការសង្ស័យថាការបាត់លិខិតច្បាប់ដើមរបស់គណបក្សភ្លើងទៀនគឺជាឧបាយកលអ្នកណាម្នាក់។ប៉ុន្មានថ្ងៃក្រោយការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលមិនជឿថាគណបក្សភ្លើងទៀនបាត់លិខិតច្បាប់ដើមចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃគណបក្សភ្លើងទៀនបានបញ្ជាក់ជំហររបស់ខ្លួនថាគណបក្សប្រឆាំងមួយនេះ នៅតែមានឆន្ទៈពិតប្រាកដ និងយ៉ាងមោះមុតក្នុងការចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣នេះតាមរយៈធ្វើការទំនាក់ទំនងជាមួយក្រសួងមហាផ្ទៃ។គណបក្សភ្លើងទៀនបញ្ជាក់ថាគណបក្សនេះ បានបាត់ច្បាប់ដើមនៃប្រកាសលេខ១៩៣ ប្រក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៨របស់ក្រសួងមហាផ្ទៃស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយក្នុងអំឡុងឆ្នាំ ២០១៧នៅពេលដែលទីស្នាក់ការកណ្តាលគណបក្សភ្លើងទៀន ដែលស្ថិតនៅខាងក្រោមទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ ត្រូវបិទដោយអំណាចសាលដីកាតុលាការកំពូល។កាលពីសប្តាហ៍មុនសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងនៅក្នុងវេទិការសាធារណៈជាមួយកម្មករថាសម្តេចមិនជឿថាលិខិតចុះបញ្ជីគណបក្សច្បាប់ដើមរបស់គណបក្សភ្លើងទៀនបាត់នោះទេ។ សម្តេចនាយករដ្ឋមន្ត្រីវិភាគថាលិខិតចុះបញ្ជីគណបក្សភ្លើងទៀនច្បាប់ដើម គឺស្ថិតនៅជាមួយបុគ្គលណាម្នាក់នៅឯក្រៅប្រទេស ដែលមានបំណងមិនចង់ឲ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោត ដែលជាឧបាយកលមួយមានបំណងចង់ឲ្យបរទេសគាបសង្កត់កម្ពុជា។ក៏ប៉ុន្តែតាមរយៈការបញ្ជាក់នៅថ្ងៃនេះគណបក្សភ្លើងទៀនបានបង្ហាញពីការខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការចូលរួមការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣នេះ ដែលមានរហូតដល់១៥ចំណុច។ចាប់តាំងពីចំណុចទី១ រហូតដល់ចំណុចចុងក្រោយគណបក្សភ្លើងទៀនបានរៀបរាប់ពីសកម្មភាពការងាររបស់ខ្លួនយ៉ាងសកម្មជាមួយអាជ្ញាធរពាក់ព័ន្ធជាពិសេសជាមួយក្រសួងមហាផ្ទៃធ្វើយ៉ាងណាទទួលបានការបញ្ជាក់ជាផ្លូវការដើម្បីឲ្យគណបក្សប្រឆាំងមួយនេះ អាចចូលរួមបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០២៣នេះបាន។ គណបក្សភ្លើងទៀនក៏បានរំលេចផងដែរពីការតស៊ូមតិតាមផ្លូវច្បាប់នៅដំណាក់កាលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) និងដំណាក់កាលក្រុមប្រឹក្សាធម្មនុញ្ញ។ទោះយ៉ាងណា គណបក្សភ្លើងទៀន ដែលត្រូវបានផាត់ចោលដោយ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញា ក្រោមហេតុផលមិនមានឯកសារគ្រប់គ្រាន់បញ្ជាក់ថាគណបក្សនេះ នៅតែប្រកាន់ជំហរចូលរួមបោះឆ្នោតទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិជាបន្តបន្ទាប់នាពេលខាងមុខ៕RFI

Powered by Blogger.