ជនជាតិឥណ្ឌាម្នាក់ត្រូវបានគេអះអាងថាបានចាញ់បោកក្រុមជួញដូរមនុស្សនៅកម្ពុជា
យុវជនអាយុ២១ឆ្នាំម្នាក់មកពីទីក្រុងHyderabadបានអះអាងថាខ្លួនត្រូវបានសន្យាថានឹងទទួលបានការងារជាប្រតិបត្តិករបញ្ចូលទិន្នន័យនៅក្នុងប្រទេសកម្ពុជា។ប៉ុន្តែត្រូវបានបង្ខំឱ្យធ្វើសកម្មភាពបោកប្រាស់និងជំរិតប្រាក់ពីមនុស្ស។Mohammed Ismail Ullah បានស្វែងរកជំនួយពីរដ្ឋមន្ត្រីការបរទេសS Jaishankar ដើម្បីខ្លួនអាចត្រឡប់ទៅ Telangana វិញ។ យុវជនរូបនេះមានការភ័យខ្លាចដល់អាយុជីវិតដោយទទួលបានការគំរាមកំហែងពីថៅកែខ្លួន។យុវជនរូបនេះបានអះអាងថាលិខិតឆ្លងដែនរបស់ខ្លួនត្រូវបានដកហូតហើយត្រូវបានគេវាយដំប្រសិនបើបដិសេធមិនធ្វើតាមនូវអ្វីដែលគេបានប្រាប់។ Ismail បានប្រាប់ STOI ពីទីក្រុងភ្នំពេញកាលពីថ្ងៃសៅរ៍ថាលិខិតឆ្លងដែនត្រូវបានបំផ្លាញដោយមនុស្សដែលបានជ្រើសរើសគាត់ឱ្យមកធ្វើការនៅប្រទេសកម្ពុជា។Ismail និយាយថា“ខ្ញុំត្រូវគេវាយដំយ៉ាងខ្លាំងហើយខ្ញុំមានរបួសជាច្រើន»។ជននេះរងរបួសត្រង់ក្បាលនិងជើង។ដោយចង់ធ្វើការផ្នែកបច្ចេកវិទ្យាព័ត៌មាននៅក្នុងប្រទេសថៃ ជនជាតិឥណ្ឌាជាង៣០០នាក់ រួមទាំង Telugus ត្រូវបានក្លាយជាជនរងគ្រោះក្នុងប្រទេសមីយ៉ាន់ម៉ាតាំងពីខែកញ្ញា ឆ្នាំ ២០២២។ពួកគេត្រូវបានបង្ខំឱ្យធ្វើឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ហើយអ្នកដែលបដិសេធមិនស្តាប់បង្គាប់ត្រូវបានវាយដំ និងឆក់ដោយអគ្គិសនី។Ismail បាននិយាយថា “ខ្ញុំបានទៅសុំជំនួយពីស្ថានទូតឥណ្ឌា។ពួកគេបានស្នើឱ្យខ្ញុំដាក់ពាក្យបណ្តឹងជាមួយនគរបាលក្នុងស្រុក។ប៉ុន្តែខ្ញុំបារម្ភថាតើក្រុមហ៊ុននឹងធ្វើអ្វីមកលើខ្ញុំ។ខ្ញុំភ័យខ្លាច ព្រោះខ្ញុំត្រូវគេធ្វើទារុណកម្មលើរាងកាយ»។រូបថតធ្វើទារុណកម្មរបស់ជននេះត្រូវបានចែករំលែកដោយបុគ្គលិកសង្គមនិងមេដឹកនាំ MBT លោក Amjed Ullah Khan នៅលើ Twitter ដែលបានជំរុញឱ្យលោករដ្ឋមន្រ្តី Jaishankar ជួយសង្គ្រោះ Ismail ពីកណ្តាប់ដៃរបស់ថៅកែ។នៅពេលមកដល់ប្រទេសកម្ពុជា Ismail ត្រូវបានបង្ខំអោយបោកប្រាស់មនុស្សនិងយកប្រាក់ពីពួកគេ។នៅក្នុងលិខិតមួយផ្ញើទៅកាន់ក្រសួងការបរទេសឥណ្ឌា បងប្រុសរបស់ Ismail លោក Mohammed Yaseen Khan បាននិយាយថា ប្អូនប្រុសខ្លួនបានបន្តការសិក្សាសញ្ញាបត្រនៅប្រទេសសិង្ហបុរី ហើយបានត្រឡប់ទៅ Telangana វិញនៅថ្ងៃទី១៩ ខែកុម្ភៈឆ្នាំនេះ។ពេលនៅសិង្ហបុរី មានមនុស្សម្នាក់ដែលមកពីប្រទេសឥណ្ឌាបានសន្យាផ្តល់ការងារនៅកម្ពុជាអោយប្អូនរបស់ខ្លួន។ជនជាតិឥណ្ឌានៅសិង្ហបុរីបានសុំលុយ២,៥lakhដើម្បីរត់ការដាក់ពាក្យសុំការងារនិងបន្ទាប់មកបានសុំលុយ១lakh បន្ថែមទៀត។Ismailបានបង់ប្រាក់ជាមុនហើយដំបូងបានទៅទីក្រុងបាងកកតាមរយៈទិដ្ឋាការភ្ញៀវទេសចរនៅថ្ងៃទី៧ ខែមេសា។«បន្ទាប់ពីបានទៅដល់ទីក្រុងបាងកក អ្នកបើកតាក់ស៊ីម្នាក់បានរង់ចាំគាត់ ហើយបានយកគាត់ទៅព្រំដែនកម្ពុជា។ នៅពេលដែលគាត់ចូលប្រទេសអ្នកបើកតាក់ស៊ីម្នាក់ទៀតបាននាំគាត់ដោយផ្ទាល់ទៅកាន់ក្រុមហ៊ុនដែលគាត់ត្រូវធ្វើការ”។Ismail និយាយថា “ខ្ញុំបដិសេធមិនធ្វើការងារនោះទេ ហើយបានស្នើឲ្យបញ្ជូនខ្ញុំទៅ Telangana វិញ។ ពួកគេបដិសេធដោយនិយាយថាខ្ញុំត្រូវបង់ប្រាក់៣lakh ទៅឱ្យភ្នាក់ងារដែលយកខ្ញុំ។ ខ្ញុំត្រូវសងគេវិញនូវចំនួននោះ។ ខ្ញុំបានប្រាប់ពួកគេថាខ្ញុំមិនមានលុយច្រើនបែបនេះទេ”។ភ្នាក់ងារដែលបានជ្រើសរើសIsmail មិនបានទាក់ទងមកខ្លួនវិញទេទោះបីជាគាត់បានព្យាយាមទាក់ទងគាត់ក៏ដោយ។Times of India/Khmer Times
រូបថតជនរងគ្រោះរងរបួសចុះនៅក្នុងគេហទំព័រប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសឥណ្ឌា។
Post a Comment